កម្ពុជាថ្មី | Saturday, 22 June 2013 16:30:00
សម្តេចព្រះ
រាជបុត្រី ព្រះអានុជ នរោត្តម អារុណរស្មី
ហើយដែលបច្ចុប្បន្នជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចបានមានព្រះបន្ទូល
ថា ការរៀបចំពិធីបង្សុកូល និងរាប់បាត្រនោះ
គឺដើម្បីឧទ្ទិសកុសលជូនដល់អ្នកដែលបានស្លាប់កន្លងទៅនៅក្នុងសម័យ
អតីតកាល ខណៈដែលប្រទេសរបស់យើងបានជួបបញ្ហាសង្គ្រាមនាពេលកន្លងមក
ដូច្នេះការធ្វើបុណ្យនេះ
គឺដើម្បីឧទ្ទិសកុសលផលបុណ្យទៅដល់ប្រទេសជាតិឲ្យមានសុខសន្តិភាពទៅ
ថ្ងៃមុខ
ដើម្បីកុំឲ្យហេតុការណ៍អាក្រក់ទាំងនោះកើតឡើងសាជាថ្មីទៀតនៅប្រទេស
កម្ពុជា និងឲ្យជៀសចេញឲ្យឆ្ងាយ។ ជាមួយគ្នានោះ
សម្តេចព្រះរាជបុត្រីបានឧទ្ទិសកុសលនោះ ជូនដល់ព្រះបរមរតនៈកោដ្ឋ
សម្តេចឪ សម្តេចតាផងដែរ។
ឆ្លើយតប
ជាមួយអ្នកសារព័ត៌មានទាក់ទងទៅនឹងរាជវង្សានុវង្ស
ដែលបានចូលទិវង្គតនារបបកម្ពុជាប្រជាធិបតេយ្យនោះ
សម្តេចព្រះរាជបុត្រី ព្រះអានុជ នរោត្តម អារុណរស្មី
បានមានព្រះបន្ទូលថា ព្រះអង្គមិនមានតួលេខច្បាស់ទេ
ហើយព្រះអង្គបានបញ្ជាក់ថា «សូម្បីតែ
ម្តាយខ្ញុំ ដែលបានទទួលអនិច្ចកម្មនារបបប៉ុលពតនេះ
ក៏ខ្ញុំមិនបានដឹងថា លោកស្លាប់នៅកន្លែងណាដែរ
ហេតុនេះហើយជាពេលវេលាមួយដែលខ្ញុំធ្វើបុណ្យ
ដែលមានសម្តេចព្រះសង្ឃរាជបានយាងចូលរួមនាពេលនេះ
ដើម្បីឧទ្ទិសកុសលដល់ព្រះមាតាខ្ញុំ
ក៏ដូចជាជនរួមជាតិទាំងអស់ដែលលោកបានបាត់បង់ជីវិតនាពេលនោះ»៕
