លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានសុទិដ្ឋិនិយមទៅលើវិស័យបី
គឺវិស័យឧស្សាហកម្ម កសិកម្ម និងសេវាកម្ម
ដោយសារវិស័យនេះនៅតែឈានមុខគេក្នុងការទ្រទ្រង់ថវិកាជាតិ។
ថ្លែងពីខេត្តកំពត នៅព្រឹកថ្ងៃសៅរ៍ ទី២២ មិថុនា លោក ហ៊ុន សែន
ឲ្យដឹងថា វិស័យកសិកម្មបានឈានឡើងទៅមុខជានិច្ច បើទោះបីកម្ពុជា
ធ្លាប់ជួបប្រទះនូវគ្រោះទឹកជំនន់កាលពីឆ្នាំកន្លងទៅយ៉ាងណាក្តី
ក៏កម្ពុជា នៅតែមានលទ្ធភាពនាំចេញស្រូវជាង ៤លានតោននៅឆ្នាំ២០១៥
ខាងមុខ៖
«ឥឡូវវាទៅជាស្ថានភាពមានមាសអត់ក្រដាសខ្ចប់
បានសេចក្តីថា ខ្វះម៉ាស៊ីនកិនស្រូវឲ្យត្រូវនឹងស្តង់ដារនាំចេញ
ខ្វះឡសម្ងួត ខ្វះលុយទិញ នែវារឿងអ៊ីចឹង
បានជាមានឈ្មួញប្រទេសជិតខាងទាំងខាងវៀតណាម ខាងថៃ
ចូលមកទិញស្រូវយើងមួយចំនួន»។
បច្ចុប្បន្ន
រដ្ឋាភិបាលកំពុងកៀរគរអ្នកវិនិយោគឲ្យបានច្រើនលើការសាងសង់រោងចក្រ
កិនស្រូវ ឃ្លាំងស្តុកតាមស្តង់ដារអន្តរជាតិ
និងការទទួលខុសត្រូវលើការប្រមូលទិញ។
ចំណែកវិស័យសេវាកម្ម មានទេសចរណ៍ជាដើម ក៏កំពុងមានការកើនឡើងដែរ
ដោយកាលពីឆ្នាំកន្លងទៅកម្ពុជា ទទួលបានភ្ញៀវទេសចរ ៤លាន ៥សែននាក់
ហើយក្នុងរយៈពេល ៤ខែចុងក្រោយនេះទទួលបាន ១លាន ៥សែននាក់។
នៅឆ្នាំ២០១៣ នេះ លោករំពឹងថា ភ្ញៀវទេសចរនឹងមានចំនួនកើនឡើងលើសពីឆ្នាំមុននេះ។
ប្រធានសភាជាតិកម្ពុជា លោក ហេង សំរិន កាលពីថ្ងៃទី៤ ខែមីនា
បានមានប្រសាសន៍បញ្ជាក់ថា កំណើនសេដ្ឋកិច្ចកម្ពុជា ជាមធ្យមចំនួន ៧%។
កម្ពុជា បានកាត់បន្ថយភាពក្រីក្រពីចំនួន ២០% នៅឆ្នាំ២០១២ មកចំនួន
១៩% នៅឆ្នាំ២០១៣។
ប្រធានមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា សេដាក (CEDAC)
លោកបណ្ឌិត យ៉ង សាំងកុមារ មានប្រសាសន៍ទទួលស្គាល់ដែរថា
វិស័យទាំងបីនេះអាចជួយឲ្យសេដ្ឋកិច្ចហក់ឡើងខ្ពស់
ប៉ុន្តែរចនាសម្ព័ន្ធ ឬការងារទំនាក់ទំនងនៃវិស័យទាំងបីនោះ
នៅមិនទាន់ផ្សារភ្ជាប់គ្នានៅឡើយ
ដូចជាការផលិតផលិតផលកែច្នៃក្នុងស្រុកសម្រាប់បម្រើដល់តម្រូវការ
ប្រើប្រាស់របស់ប្រជាពលរដ្ឋ និងអ្នកទេសចរជាដើម៖
«បើសិនជាវិស័យទាំងបីអាចផ្សារភ្ជាប់គ្នាទៅវិញទៅមកបាននោះ វានឹងជំរុញសេដ្ឋកិច្ចយើងឲ្យទៅមុខ»។
លោកបន្តថា បញ្ហាទាំងនេះ រដ្ឋាភិបាលគួរយកចិត្តទុកដាក់ជាសំខាន់
ដើម្បីកុំឲ្យមានការខាតបង់ប្រាក់ចំណូលក្នុងស្រុក
និងធ្វើឲ្យកំណើនថវិកាជាតិមាននិរន្តរភាព។
ចំណែកអ្នកស្រាវជ្រាវលើការអភិវឌ្ឍសង្គម លោក កែម ឡី វិញ
មានប្រសាសន៍ដែរថា ជាទូទៅ
ថវិកាជាតិមានការកើនឡើងគួរឲ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុង
ក្រោយនេះ។ ប៉ុន្តែលោកយល់ឃើញថា កំណើននេះនឹងមិនមានស្ថិរភាពទេ
បើរដ្ឋាភិបាលមិនកែទម្រង់គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចលើចំណុចខ្លះ
ទេនោះ។
លោកបន្តថា
រដ្ឋាភិបាលសព្វថ្ងៃហាក់គាំទ្រខ្លាំងតែទៅលើការវិនិយោគធំៗ
ឬអ្នករកស៊ីដែលមានដើមទុនច្រើន ចំណែកការរកស៊ីតូចតាច
ឬមធ្យមរបស់ប្រជាពលរដ្ឋនៅតាមជនបទ
ហាក់មិនសូវមានការយកចិត្តទុកដាក់លើកស្ទួយ
ឬមានការលើកទឹកចិត្តនោះទេ៖
«មានន័យថា យើងមានការរីកចម្រើន
ដោយ សេក បណ្ឌិត
2013-06-22
ប៉ុន្តែជំរុញឲ្យមានវិសមភាពសេដ្ឋកិច្ច ឬភាពមិនស្មើគ្នា និងខ្ពស់
ហើយបែបហ្នឹងគេមិនចាត់ទុកថាជាការអភិវឌ្ឍដែលមាននិរន្តរភាពទេ»។
លោកសង្កេតឃើញថា អ្នករកស៊ីល្មមៗនៅតែជួបហានិភ័យច្រើន។
ប្រជាពលរដ្ឋខ្វះដើមទុន
បានក្លាយជាអ្នកលក់កម្លាំងពលកម្មបានប្រាក់កម្រៃទាប
ហើយមានការកេងប្រវ័ញ្ចពីថៅកែជាដើម។ បញ្ហានេះ
បានធ្វើឲ្យថវិកាជាតិ និងជីវភាពប្រជាពលរដ្ឋមិនសមតុល្យនឹងគ្នា។
ប្រជាពលរដ្ឋតែងតែមានការសម្រេចចិត្តមិនរឹងមាំ
មានការគិតខកមុខខកក្រោយក្នុងការស្វែងរកចំណូលគ្រួសារ
ដើម្បីដោះស្រាយភាពទីទ័លក្រ។
ទាំងនេះអាចថាជាការវិយោគមិនមានសមភាព
ហើយអាចនឹងធ្វើឲ្យការកើនឡើងនៃសេដ្ឋកិច្ចជាតិមិននឹងន
ដែលនាំឲ្យមានហានិភ័យខ្ពស់ទៅថ្ងៃមុខ៕